Connect with us

ព័ត៌មានជាតិ

ជនជាតិថៃ២នាក់​ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិថៃ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ជនស្ស័យទាំង២នាក់​ មាន ៖ ១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ២-ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ (បញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​សិរីសោភ័ណ) ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ​២០២៤  នៅចំណុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម,​ ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម,​ ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម,​ ទូរស័ព្ទដៃ ចំនួន០២គ្រឿង,​ នាឡិកាដៃ ចំនួន០២គ្រឿង,​ កាបូប ចំនួន០២,​ លិខិតឆ្លងដែន ចំនួន០២ក្បាល,​ ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន,​ ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង​,​ ថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមនីតិវិធី​៕