Connect with us

ព័ត៌មានជាតិ

ឣាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនចោរឆក់ ២នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការចាប់ខ្លួន និងបញ្ជូនជាបន្តបន្ទាប់ទៅតុលាការ កាលពីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានឈ្មោះ ស៊ី រីឆា ភេទប្រុស ឣាយុ១៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ស្រស់ ម៉េងស្រុង ភេទប្រុស ឣាយុ១៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទាំង២នាក់ ត្រូវបានកម្លាំងល្បាតអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន នីណារ៉ូ មេបញ្ជាការកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាប់ពីជនសង្ស័យទាំង២ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាកឣាយហ្វូន១៣ ពណ៌ស របស់នារីរងគ្រោះម្នាក់ឈ្មោះ សឹង្ហ ស្រីលាប ភេទស្រី ឣាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ខណៈជិះម៉ូតូតាមផ្លូវ តែត្រូវជនរងគ្រោះជិះម៉ូតូដេញបុកម៉ូតូជនសង្ស័យរហូតដូល ទើបត្រូវកម្លាំងល្បាតអាវុធហត្ថប្រទះឃើញ និងធ្វើការឃាត់ខ្លួនតែម្តង ។

លោកបន្តថា ករណីនេះសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ (ផ្ដូរតែមឆ្នាំ២០២២) ដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស និងទូរស័ព្ទរបស់ជនរងគ្រោះ ចំនួន០១គ្រឿងផងដែរ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ចំណែកទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕