Connect with us

ព័ត៌មានជាតិ

តុលាការ សម្រេចចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីប្រកាសចែកដីរដ្ឋជូលពលរដ្ឋ ៤២០ហិកតា នៅស្រុកឱរ៉ាល់

កំពង់ស្ពឺ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា បុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន ៦,០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូតិ៍ចុះ (ទំហំដី ១០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារ សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។

ពាក់ព័ន្ធករណីនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម។ ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។

ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថា ខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។

ការនាំខ្លួន និងសាកសួរទៅលើឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មិន ផាន្នី ហៅ ម៉ៅ អាយុ៤១ឆ្នាំ រកឃើញបក្ខពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។

លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្ដើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក បញ្ចូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើបទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ក្នុងការបង្កា ទប់ស្កាត់ មិនឱ្យមានការទន្ទ្រានកាន់កាប់ដី ដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តច្បាប់ឲ្យខានតែបាន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សង្កេតឃើញសារព័ត៌មានមួយចំនួន នៅតែបន្តការផ្សាយ ព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ជៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ៕
ដោយ ៖ ប៊ុត សារុន